
សិស្សានុសិស្សវិទ្យាល័យនេតយ៉ង់ គាំទ្រលើការបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
សិស្សានុសិស្សវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដោយផ្តោតសំខាន់លើការអប់រំអំពីផលប៉ះពាល់នៃព័ត៌មានមិនពិត និងលើកកម្ពស់សមត្ថភាពក្នុងការផ្ទៀងផ្ទាត់ព័ត៌មានសម្រាប់សិស្សានុសិស្សក្នុងសម័យឌីជីថល។ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ របៀបការពារខ្លួនពីការបំភាន់នានាក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់។











