
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអភិបាលក្រុងដូនកែវ ចុះពិនិត្យការជួសជុលផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១២គីឡូម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៣
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងលោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ដែលជាគម្រោងថែទាំប្រចាំឆ្នាំ២០២៦។ ខ្សែផ្លូវជនបទដ៏មានសារៈសំខាន់មួយខ្សែនេះ មានប្រវែងសរុប ១២ ០០០ ម៉ែត្រ (ចាប់ពីចំណុចខ្នាតៃ ដល់ ប្រហូត) ដោយតភ្ជាប់ចាប់ពីក្រុងដូនកែវ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ។ គម្រោងថែទាំនិងជួសជុលឡើងវិញនេះ គឺអនុវត្តដោយផ្ទាល់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។










