
សមិទ្ធផលថ្មីបន្ថែមទៀត! ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង ៨០០ម៉ែត្រ គ្រោងចំណាយថវិកាជិត ៤០០លានរៀល ត្រូវបានចាប់ផ្ដើមផ្លូវការនៅឃុំត្រពាំងក្រសាំង ស្រុកបាទី
តាកែវ៖ ដើម្បីបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះជួយមូលដ្ឋានឃុំត្រពាំងក្រសាំង និងលោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ស្ថិតនៅភូមិកណ្តាល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាបុណ្យដំណាក់ភូមិកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋាន លោកនាយករដ្ឋបាលស្រុក មន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីភូមិចំនួន២ ប្រមាណ ៣០០នាក់។








