មន្ទីរសុខាភិបាលខេត្តប៉ៃលិន អបអរសាទរ «ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី៥»
(ប៉ៃលិន)៖ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរ «ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី៥» ក្នុងគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹង និងក្រមសីលធម៌វិជ្ជាជីវៈដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលក្នុងតំបន់។ដែលអង្គពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យតេជោសន្តិភាព និង លោក ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងពីមន្ទីរពេទ្យគន្ធបុប្ផា ,ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តប៉ៃលិន ,លោក-លោកស្រី តំណាងគណៈទាំង៤ ,លោកសាស្ត្រាចារ្យ លោក-លោកស្រី វេជ្ជបណ្ឌិត និងគ្រូពេទ្យជំនាញៗ ដែលបានធ្វើដំណើរមកពី រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងក្នុងខេត្តប៉ៃលិន ជាច្រើនរូប។