
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ស្នើសុំព្រះសង្ឃទូទាំងខេត្ត បន្តអប់រំបញ្រ្ជាបធម៌វិន័យ និងសីលធម៌ដល់ពុទ្ធបរិស័ទកាន់តែទូលំទូលាយថែមទៀត
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនធុងសំរាមចំនួន ១,០៤១ ធុង ជូនដល់វត្តអារាមទាំង ៣៤៧វត្ត នៅទូទាំងខេត្ត ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តឈើទាលទងត្រា ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ សូមបិណ្ឌបាតពីព្រះអង្គគ្រប់ព្រះអង្គ មេត្តាបន្តជួយផ្សព្វផ្សាយ និងបញ្រ្ជាបនូវធម៌វិន័យ សីលធម៌រស់នៅ និងក្រមសីលធម៌សង្គមឱ្យកាន់តែទូលំទូលាយបន្ថែមទៀត តាមរយៈការទេសនា និងកម្មវិធីសាសនានានា ដើម្បីឱ្យពុទ្ធបរិស័ទយកទៅប្រតិបត្តិ នាំមកនូវសន្តិភាពផ្លូវចិត្ត និងសេចក្តីសុខក្សេមក្សាន្តក្នុងគ្រួសារ និងសង្គមជាតិ។







