
បទយកការណ៍៖ សិស្សវិទ្យាល័យអង្គរកា រួមគ្នាធ្វើ«នំម៉ាហ្វីន និងទឹកសណ្តែក»សម្រាប់លក់ ផ្គត់ផ្គង់ការសិក្សា និងសន្សំទុកបន្តថ្នាក់ឧត្តមសិក្សា ក្រោយទំនេរពីការសិក្សា
តាកែវ៖ ស្ថិតនៅក្រោមដំបូលនៃវិទ្យាល័យមួយ នៃស្រុកត្រាំកក់ ខេត្តតាកែវ សំឡេងសើចសប្បាយលាយឡំនឹងក្លិនឈ្ងុយឈ្ងប់នៃនំដែលទើបនឹងដុតឆ្អិនថ្មីៗ បានក្លាយទៅជាទិដ្ឋភាព និងជានិមិត្តរូបថ្មីមួយនៃការផ្លាស់ប្តូរនិងឈានទៅចាប់យកក្តីសម្រៃ។ វាមិនមែនគ្រាន់តែជាសកម្មភាពក្រៅម៉ោងសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «សហគ្រាសខ្នាតតូច» មួយដែលកំពុងបណ្តុះបណ្តាលយុវជនឱ្យចេះបង្កើតមុខរបរ បណ្តុះជំនាញទុន និងស្វែងរកប្រាក់ចំណូល ដើម្បីបន្តក្តីស្រមៃទៅកាន់មហាវិទ្យាល័យ។







