
ក្រសួងអប់រំ ចុះសាកល្បងឧបករណ៍ស្រាវជ្រាវ ដើម្បីពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន និងសហគមន៍ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសមកពីក្រសួងអប់រំ យុវជន និងកីឡា បានចុះបេសកកម្មប្រមូលទិន្នន័យជាក់ស្ដែង ដើម្បីធ្វើតេស្តសាកល្បងឧបករណ៍ស្រាវជ្រាវស្ដីពី ការវិភាគស្ថានភាពភាពជាដៃគូរវាងវិស័យឯកជន និងសហគមន៍ក្នុងវិស័យអប់រំ នៅសាលាបឋមសិក្សាពោធិ៍សាត់ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ ។ នៅក្នុងសកម្មភាពប្រមូលទិន្នន័យនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងមាតាបិតាសិស្ស។ ការចុះស្រាវជ្រាវផ្ទាល់ដល់ទីតាំងគោលដៅនេះ គឺជាជំហានយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការប្រមូលព័ត៌មាន និងធាតុចូលពិតប្រាកដ ដើម្បីយកទៅរៀបចំយន្តការ កែលម្អគុណភាពអប់រំ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាលារៀន សហគមន៍ និងវិស័យឯកជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕











